មេរៀនណែនាំសង្ខេបអំពីប្រព័ន្ធ PMB 7 (System Overview)

ជ្រើសរើសមេរៀន (Lesson Selector):

មេរៀនណែនាំសង្ខេប PMB 7

មេរៀនទី 1 នៃ 8
LESSON 01

មេរៀនទី១៖ ការស្វែងយល់ពីប្រព័ន្ធ និងចំណុចប្រទាក់ទូទៅ (Navigation Générale & Ergonomie)

ស្វែងយល់ពីមូលដ្ឋានគ្រឹះ និងរចនាសម្ព័ន្ធទូទៅនៃប្រព័ន្ធគ្រប់គ្រងបណ្ណាល័យ PMB 7 ដើម្បីឱ្យបណ្ណារក្សអាចរុករក និងបំពេញការងារប្រចាំថ្ងៃបានដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។

១. គោលបំណងមេរៀន

  • ស្គាល់ពីចំណុចប្រទាក់ (Interface) របស់ប្រព័ន្ធទាំងផ្នែកខាងមុខ (OPAC) និងផ្នែកគ្រប់គ្រងខាងក្រោយ។
  • យល់ដឹងពីសូចនាករ និងស្ថិតិសំខាន់ៗនៅលើផ្ទាំងគ្រប់គ្រងកណ្តាល (Dashboard)។
  • ចេះរៀបចំគណនីផ្ទាល់ខ្លួន និងកែសម្រួលផ្ទាំងការងារតាមចំណូលចិត្ត។

២. របៀបប្រើប្រាស់ជាក់ស្តែងជាជំហានៗ

📍 របៀបរុករក និងកែសម្រួលផ្ទាំងការងារ៖
  1. ការចូលប្រើប្រាស់៖ បើកកម្មវិធីរុករក (Web Browser) រួចវាយបញ្ចូលអាសយដ្ឋានប្រព័ន្ធ (ឧទាហរណ៍៖ demo.pmbcambodia.com) រួចបញ្ចូលគណនីបណ្ណារក្សរបស់អ្នក។
  2. ការពិនិត្យស្ថិតិលើ Dashboard៖ ពិនិត្យមើលសូចនាករសកម្មភាពបណ្ណាល័យនៅផ្នែកកណ្តាល រួមមាន៖ ចំនួនសមាជិក/អ្នកអានសរុប, ចំនួនច្បាប់ចម្លងសៀវភៅ, និងចំនួនទិន្នន័យចរន្តខ្ចី-សងប្រចាំខែ។
  3. ការកំណត់គណនីផ្ទាល់ខ្លួន៖ ចូលទៅកាន់ម៉ឺនុយគណនីរបស់អ្នកនៅផ្នែកខាងលើ រួចជ្រើសរើសយក "ការកំណត់" (Préférences utilisateurs) ដើម្បីកំណត់ភាសា លំនាំដើមនៃការបង្ហាញ និងទំហំតារាងទិន្នន័យ។
  4. ការប្រើប្រាស់ Shortcuts៖ កំណត់និងប្រើប្រាស់គ្រាប់ចុចផ្លូវកាត់ (Raccourcis clavier) ដើម្បីបើកផ្ទាំងការងារសំខាន់ៗបានលឿនដោយមិនបាច់ប្រើ Mouse។
💡 គន្លឹះសំខាន់៖ បណ្ណារក្សគួររៀបចំ "ផ្លូវកាត់" (Shortcuts) សម្រាប់ទំព័រដែលខ្លួនត្រូវប្រើប្រាស់ច្រើនជាងគេ (ឧទាហរណ៍៖ ទំព័រខ្ចី-សង ឬទំព័រកាតាឡុកសៀវភៅថ្មី) ដើម្បីសន្សំពេលវេលាការងារប្រចាំថ្ងៃ។
LESSON 02

មេរៀនទី២៖ ការគ្រប់គ្រងចរន្តឯកសារ - ចរាចរ (ការខ្ចី និងសង-Circulation)

ការគ្រប់គ្រងគណនីសមាជិកបណ្ណាល័យ និងដំណើរការប្រតិបត្តិការខ្ចី និងសងសៀវភៅ ព្រមទាំងការគ្រប់គ្រងចរន្តទស្សនាវដ្តី និងការកក់ទុកមុន។

១. គោលបំណងមេរៀន

  • ចេះចុះឈ្មោះអ្នកអាន និងបង្កើតសមាជិកថ្មីចូលក្នុងប្រព័ន្ធ។
  • ចេះអនុវត្តការខ្ចី និងសងសៀវភៅជាក់ស្តែងដោយប្រើប្រព័ន្ធបាកូដ។
  • គ្រប់គ្រងការកក់សៀវភៅទុកមុន និងការតាមដានសៀវភៅដែលយឺតយ៉ាវ។

២. របៀបប្រើប្រាស់ជាក់ស្តែងជាជំហានៗ

📍 របៀបចុះឈ្មោះបង្កើតអ្នកអាន/ខ្ចីថ្មី (Création d'un emprunteur)៖
  1. ចូលទៅកាន់ម៉ូឌុល "ចរន្តឯកសារ" (Circulation) នៅរបារខាងលើ រួចចុចលើម៉ឺនុយ "អ្នកខ្ចីថ្មី" នៅរបារខាងឆ្វេង។
  2. បំពេញទម្រង់បែបបទព័ត៌មានឱ្យបានលម្អិត៖
    • ព័ត៌មានផ្ទាល់ខ្លួន៖ វាយបញ្ចូល គោត្តនាម (Last Name), នាម (First Name), ភេទ, ឆ្នាំកំណើត និងមុខរបរ (សិស្ស គ្រូបង្រៀន បុគ្គលិក)។
    • លេខកូដសម្គាល់៖ ប្រព័ន្ធនឹងបង្កើតលេខកូដ (Code/Barcode) ដោយស្វ័យប្រវត្ត ឬបណ្ណារក្សអាចស្កេនបាកូដពីលើកាតសមាជិកផ្ទាល់។
    • ព័ត៌មានទំនាក់ទំនង៖ បំពេញអាសយដ្ឋាន (ជួរទី១, ជួរទី២), ភូមិភាគ (Zip Code), ទីក្រុង, ប្រទេស, លេខទូរស័ព្ទ និង Email (ចាំបាច់សម្រាប់ការផ្ញើសាររំលឹកស្វ័យប្រវត្ត)។
    • ការចាត់ថ្នាក់៖ ជ្រើសរើសប្រភេទសមាជិក (Category) ដើម្បីកំណត់កូតាខ្ចី និងចាត់ចូលកម្រិតថ្នាក់/ក្រុម (Group) ជាក់លាក់។
    • សុពលភាព៖ កំណត់កាលបរិច្ឆេទចាប់ផ្តើម និងថ្ងៃបញ្ចប់ផុតកំណត់នៃគណនីសមាជិកភាព។
    • កំណត់សម្គាល់៖ បំពេញសារ (Message) សម្រាប់រំលឹកបណ្ណារក្សរាល់ពេលស្កេនកាតអ្នកអាននេះលើកក្រោយ (ឧទាហរណ៍៖ "បាត់កាត" ឬ "មានប្រវត្តិយឺតយ៉ាវ")។
  3. ចុចប៊ូតុង "រក្សាទុក" (Sauvegarder) ដើម្បីបញ្ចប់ការចុះឈ្មោះ។
📍 របៀបឱ្យខ្ចី និងទទួលសងសៀវភៅ៖
  1. ការឱ្យខ្ចី៖ នៅក្នុងម៉ូឌុល "ចរន្តឯកសារ" > ស្កេនបាកូដកាតសមាជិកដើម្បីបើកគណនី > ស្កេនបាកូដសៀវភៅ (Exemplaire) ដើម្បីឱ្យខ្ចី > ប្រព័ន្ធនឹងកត់ត្រាថ្ងៃត្រូវសងដោយស្វ័យប្រវត្ត។
  2. ការសងសៀវភៅ៖ ចូលទៅកាន់ផ្ទាំង "សងវិញ" (Returns) > ស្កេនបាកូដសៀវភៅ > ប្រព័ន្ធនឹងដកបញ្ជីសៀវភៅនោះចេញពីគណនីអ្នកខ្ចីភ្លាមៗ។ ប្រសិនបើយឺតយ៉ាវ ប្រព័ន្ធនឹងគណនាប្រាក់ផាកពិន័យដាក់ចូលគណនីហិរញ្ញវត្ថុ (Comptes financiers)។
💡 គន្លឹះសំខាន់៖ ត្រូវប្រាកដថាបានបំពេញអាសយដ្ឋាន Email របស់អ្នកអានបានត្រឹមត្រូវ ព្រោះប្រព័ន្ធនឹងប្រើប្រាស់វាសម្រាប់ផ្ញើសាររំលឹក (Relances) ទៅកាន់ពួកគេដោយស្វ័យប្រវត្តិនៅពេលហួសកំណត់។
LESSON 03

មេរៀនទី៣៖ ការធ្វើកាតាឡុក និងឯកសារ (Catalogue & Documents)

ការបញ្ចូលព័ត៌មានលម្អិតរបស់សៀវភៅ បង្កើតច្បាប់ចម្លងសៀវភៅរូបវន្ត និងការគ្រប់គ្រងឯកសារបោះពុម្ពជាស៊េរីដូចជាទស្សនាវដ្តី និងកាសែត។

១. គោលបំណងមេរៀន

  • យល់ច្បាស់ពីភាពខុសគ្នារវាង "សៀវភៅអរូបី" (Notice - ព័ត៌មានសៀវភៅ) និង "ច្បាប់ចម្លង" (Exemplaire - សៀវភៅលើធ្នើ)។
  • ចេះបង្កើត និងរៀបចំកាតាឡុកសៀវភៅថ្មីចូលក្នុងមូលដ្ឋានទិន្នន័យ។
  • ចេះគ្រប់គ្រងទស្សនាវដ្តី ការចុះឈ្មោះជាវ និងចុះបញ្ជីទស្សនាវដ្តីថ្មី (Bulletinage)។

២. របៀបប្រើប្រាស់ជាក់ស្តែងជាជំហានៗ

📍 របៀបបង្កើតព័ត៌មានសៀវភៅថ្មី (Création de notice)៖
  1. ចូលទៅកាន់ម៉ូឌុល "កាតាឡុក" (Catalogue) > ជ្រើសរើសយក "បង្កើតសៀវភៅថ្មី"
  2. បំពេញព័ត៌មានតាមផ្នែកសំខាន់ៗ៖
    • ផ្នែកចំណងជើង៖ បញ្ចូលចំណងជើងធំ ចំណងជើងរង និងលេខកូដឯកសារ។
    • ផ្នែកអ្នកនិពន្ធ៖ ស្វែងរកឈ្មោះអ្នកនិពន្ធ (គោល) និងតួនាទី។ អាចបន្ថែម (+) អ្នកនិពន្ធបន្ទាប់បន្សំ ឬអ្នកបកប្រែ។
    • អ្នកបោះពុម្ពផ្សាយ៖ ជ្រើសរើសឈ្មោះគ្រឹះស្ថានបោះពុម្ពផ្សាយ និងឆ្នាំបោះពុម្ព។
    • លេខ ISBN៖ វាយបញ្ចូលលេខ ISBN ប្រសិនបើមាន (ឬចុច 'Ignore ISBN' សម្រាប់សៀវភៅចាស់ៗដែលគ្មានបាកូដ ISBN)។
    • លក្ខណៈរូបវន្ត៖ កំណត់ប្រភេទឯកសារ ទំហំ និងចំនួនទំព័រ។
    • ចំណាត់ថ្នាក់៖ បញ្ចូលចំណាត់ថ្នាក់ទូទៅ និងលេខកូដសៀវភៅ (Call Number) សម្រាប់បិទលើខ្នងសៀវភៅ។
    • ការចាត់ថ្នាក់ (Indexing)៖ ជ្រើសរើស Categories (ប្រភេទ) និងពាក្យគន្លឹះដើម្បីងាយស្រួលស្វែងរក។
    • តំណភ្ជាប់៖ វាយបញ្ចូល URL ភ្ជាប់ទៅកាន់ឯកសារឌីជីថល (PDF) ប្រសិនបើជាសៀវភៅអេឡិចត្រូនិច។
  3. ចុច "រក្សាទុក"
📍 របៀបបង្កើតច្បាប់ចម្លងសៀវភៅ (Ajouter un exemplaire)៖
  1. បន្ទាប់ពីរក្សាទុកព័ត៌មានសៀវភៅ (Notice) រួចរាល់ > ចុចលើប៊ូតុង "បន្ថែមច្បាប់ចម្លង" (Exemplaire) នៅផ្នែកខាងក្រោម។
  2. វាយបញ្ចូលលេខបាកូដសម្គាល់ក្បាលសៀវភៅនីមួយៗ (បាកូដសម្រាប់បិទលើសៀវភៅរូបវន្ត)។
  3. ជ្រើសរើស ទីតាំងធ្នើ (Localisation) និង ស្ថានភាព (Statut) របស់សៀវភៅ (ឧទាហរណ៍៖ "អាចឱ្យខ្ចីបាន" ឬ "សម្រាប់តែអានក្នុងបណ្ណាល័យ") រួចចុច "រក្សាទុក"។
💡 គន្លឹះសំខាន់៖ សៀវភៅមួយចំណងជើង (Notice) មានតែមួយគត់នៅក្នុងប្រព័ន្ធ ប៉ុន្តែវាអាចមាន "ច្បាប់ចម្លង" (Exemplaire) ច្រើនក្បាលនៅលើធ្នើ ទៅតាមចំនួនសៀវភៅជាក់ស្តែងដែលបណ្ណាល័យមាន។
LESSON 04

មេរៀនទី៤៖ អាជ្ញា និងការគ្រប់គ្រងទិន្នន័យគោល (Autorités)

ការកំណត់ស្តង់ដារទិន្នន័យ ការគ្រប់គ្រងប្រវត្តិអ្នកនិពន្ធ អ្នកបោះពុម្ពផ្សាយ ប្រធានបទ និងការសម្អាតទិន្នន័យដែលជាន់គ្នា ឬសរសេរខុសអក្ខរាវិរុទ្ធ។

១. គោលបំណងមេរៀន

  • យល់ដឹងពីសារៈសំខាន់នៃ "ទិន្នន័យអាជ្ញា" ដើម្បីរក្សាសណ្តាប់ធ្នាប់ទិន្នន័យបណ្ណាល័យ។
  • ចេះបង្កើត និងគ្រប់គ្រង អ្នកនិពន្ធ, អ្នកបោះពុម្ពផ្សាយ, ចំណងជើងស៊េរី, ប្រធានបទ និងទស្សនាទាន។
  • ចេះប្រើប្រាស់មុខងារលុបទិន្នន័យស្ទួន (Dédoublonnage) និងការរៀបចំលិបិក្រមឡើងវិញ។

២. របៀបប្រើប្រាស់ជាក់ស្តែងជាជំហានៗ

📍 របៀបគ្រប់គ្រង និងសម្អាតទិន្នន័យគោល៖
  1. ការបង្កើតអ្នកនិពន្ធ (Auteurs)៖ ចូលទៅកាន់ម៉ូឌុល "អាជ្ញា" (Authorities) > ចុចលើ "អ្នកនិពន្ធ" > បំពេញព័ត៌មានលម្អិតរបស់អ្នកនិពន្ធ រួចចុចរក្សាទុក ដើម្បីយកទៅប្រើប្រាស់ឡើងវិញពេលធ្វើកាតាឡុកសៀវភៅដទៃទៀត។
  2. ការរៀបចំមែកធាងប្រធានបទ (Thésaurus)៖ ចូលទៅកាន់ "ប្រធានបទ" > បង្កើតប្រធានបទមេ (ឧ. "វិទ្យាសាស្ត្រ") រួចបង្កើតប្រធានបទរងនៅក្រោមនោះ (ឧ. "រូបវិទ្យា") ដើម្បីឱ្យអ្នកអានងាយស្រួលរុករកសៀវភៅតាមប្រភេទ។
  3. ការលុបទិន្នន័យស្ទួន (Dédoublonnage)៖ ប្រសិនបើឃើញមានឈ្មោះអ្នកនិពន្ធ ឬអ្នកបោះពុម្ពផ្សាយស្ទួនគ្នា (ឧ. "ក្រសួងអប់រំ" និង "ក្រសួងអប់រំ យុវជន និងកីឡា") > ចូលទៅកាន់ "លុបទិន្នន័យស្ទួន" > ជ្រើសរើសឈ្មោះទាំងពីរ > កំណត់យកឈ្មោះមួយជាស្តង់ដារគោល > ចុចបញ្ចូលគ្នា (Merge)។ ប្រព័ន្ធនឹងផ្ទេរសៀវភៅទាំងអស់ទៅឈ្មោះត្រឹមត្រូវ រួចលុបឈ្មោះដែលខុសចោល។
  4. ការប្រើប្រាស់កន្ត្រកអាជ្ញា និងរៀបចំលិបិក្រមឡើងវិញ (Réindexation)៖ ប្រមូលទិន្នន័យអាជ្ញាដាក់ក្នុងកន្ត្រកដើម្បីធ្វើបច្ចុប្បន្នភាពរួមគ្នា រួចចុចរៀបចំលិបិក្រមឡើងវិញដើម្បីឱ្យប្រព័ន្ធស្វែងរកដំណើរការបានលឿន និងត្រឹមត្រូវ។
💡 គន្លឹះសំខាន់៖ ការប្រើប្រាស់ "អាជ្ញា" ជួយឱ្យបណ្ណារក្សមិនចាំបាច់វាយបញ្ចូលឈ្មោះអ្នកនិពន្ធ ឬអ្នកបោះពុម្ពផ្សាយដដែលៗដោយដៃឡើយ ដែលជួយជៀសវាងការសរសេរខុសអក្ខរាវិរុទ្ធនាំឱ្យពិបាកស្វែងរក។
LESSON 05

មេរៀនទី៥៖ កាតាឡុកសាធារណៈសម្រាប់អ្នកអាន (OPAC)

ការរៀបចំ និងគ្រប់គ្រងចំណុចប្រទាក់ខាងមុខ (Online Public Access Catalog) សម្រាប់ឱ្យសិស្ស ឬអ្នកអាន ស្វែងរកសៀវភៅ និងប្រើប្រាស់សេវាកម្មបណ្ណាល័យតាមអ៊ីនធឺណិត។

១. គោលបំណងមេរៀន

  • ចេះរៀបចំទំព័រដើម OPAC បង្ហាញព័ត៌មាន និងធ្នើសៀវភៅណែនាំ។
  • យល់ដឹងពីមុខងារគណនីអ្នកអាន (Compte Lecteur) និងរបៀបផ្ញើសារជូនដំណឹង។
  • គ្រប់គ្រងកន្ត្រកអ្នកអាន និងការស្នើសុំស្កេនឯកសារ។

២. របៀបប្រើប្រាស់ជាក់ស្តែងជាជំហានៗ

📍 របៀបគ្រប់គ្រង និងណែនាំអ្នកអានឱ្យប្រើប្រាស់ OPAC៖
  1. ការរៀបចំធ្នើសៀវភៅសាធារណៈ (Étagères publiques)៖ ជ្រើសរើសសៀវភៅល្អៗដាក់ក្នុងកន្ត្រក រួចកំណត់ជា "ធ្នើសៀវភៅសាធារណៈ" ដើម្បីឱ្យវាក្រាលបង្ហាញនៅលើទំព័រមុខនៃ OPAC (ឧទាហរណ៍៖ "សៀវភៅគួរអានប្រចាំខែ")។
  2. ការណែនាំពី "គណនីអ្នកអាន" (Compte Lecteur)៖ បង្រៀនសិស្ស ឬអ្នកអានឱ្យចេះ Log in ចូលគណនីផ្ទាល់ខ្លួនលើ OPAC ដើម្បី៖
    • ពិនិត្យមើលបញ្ជីសៀវភៅដែលកំពុងខ្ចី និងកាលបរិច្ឆេទត្រូវសង។
    • ចុចកក់សៀវភៅទុកមុន (Réservation) ករណីសៀវភៅនោះត្រូវបានគេខ្ចីអស់ពីធ្នើ។
    • សរសេរមតិយោបល់ ដាក់ពិន្ទុ និងដាក់ស្លាក (Tags) លើសៀវភៅដែលបានអាន។
    • ផ្ញើសំណើសុំស្កេនឯកសារ (Demandes de numérisation) ទៅកាន់បណ្ណារក្ស។
  3. ការគ្រប់គ្រងកន្ត្រកអ្នកអាន (Paniers OPAC)៖ អនុញ្ញាតឱ្យអ្នកអានបង្កើតកន្ត្រកសៀវភៅដែលពួកគេពេញចិត្ត ដើម្បីរក្សាទុក នាំចេញព័ត៌មាន ឬបំប្លែងទៅជាសំណើសុំខ្ចីសៀវភៅ។
💡 គន្លឹះសំខាន់៖ OPAC គឺជាមុខមាត់របស់បណ្ណាល័យ។ ការរៀបចំឱ្យមានធ្នើសៀវភៅណែនាំថ្មីៗ និងប្លែកៗជាប្រចាំ នឹងជួយទាក់ទាញចំណាប់អារម្មណ៍របស់អ្នកអានឱ្យចូលមកប្រើប្រាស់បណ្ណាល័យកាន់តែច្រើន។
LESSON 06

មេរៀនទី៦៖ របាយការណ៍ និងស្ថិតិ (Éditions & Statistiques)

ការទាញយកទិន្នន័យស្ថិតិលម្អិត និងការប្រើប្រាស់កូដ SQL សម្រាប់បង្កើតរបាយការណ៍ស្រាវជ្រាវកម្រិតខ្ពស់ ព្រមទាំងការបោះពុម្ពបាកូដសៀវភៅ។

១. គោលបំណងមេរៀន

  • ចេះប្រើប្រាស់មុខងារ "សំណើ SQL" ដើម្បីទាញយករបាយការណ៍បណ្ណាល័យ។
  • ចេះរៀបចំទម្រង់បោះពុម្ពបាកូដ (Codes-barres) សម្រាប់បិទលើសៀវភៅ។
  • ចេះតាមដានស្ថិតិនៃការប្រើប្រាស់កាតាឡុកសាធារណៈ OPAC។

២. របៀបប្រើប្រាស់ជាក់ស្តែងជាជំហានៗ

📍 របៀបទាញរបាយការណ៍ និងបោះពុម្ពស្លាកបាកូដ៖
  1. ការទាញយករបាយការណ៍តាម "សំណើ SQL"៖ ចូលទៅកាន់ម៉ូឌុល "របាយការណ៍" (Éditions) > ជ្រើសរើសយក "សំណើ SQL" (Requêteur SQL)។ នៅទីនេះ លោកអ្នកអាចជ្រើសរើសរបាយការណ៍ដែលបានកំណត់រួចជាស្រេចរួមមាន៖
    • *ទិន្នន័យប្រើប្រាស់ប្រចាំបណ្ណាល័យ* (ស្ថិតិទូទៅ)
    • *របាយការណ៍ខ្ចីសៀវភៅ* (បញ្ជីអ្នកខ្ចី សៀវភៅយឺតយ៉ាវ)
    • *របាយការណ៍សមាជិកបណ្ណាល័យ* (បញ្ជីសមាជិកកំពុងដំណើរការ)
    • *របាយការណ៍ស្ថិតិសៀវភៅ* (ចំនួនសៀវភៅតាមប្រភេទ ឬតាមចំណាត់ថ្នាក់ DDC)
    • *របាយការណ៍អ្នកចូលអាន* (ស្ថិតិអ្នកចូលប្រើប្រាស់បណ្ណាល័យ)
  2. ការបោះពុម្ពស្លាកបាកូដ (Éditions d'étiquettes)៖ ជ្រើសរើសកន្ត្រកសៀវភៅដែលចង់បោះពុម្ព > ជ្រើសរើសយកគំរូទម្រង់បាកូដ (Label Template) > ចុចបោះពុម្ពជា PDF រួចយកទៅហ្វារ ឬបោះពុម្ពចេញជាលទ្ធផលសម្រាប់បិទលើខ្នងសៀវភៅរូបវន្ត។
💡 គន្លឹះសំខាន់៖ មុខងារ "សំណើ SQL" អនុញ្ញាតឱ្យលោកអ្នកសរសេរកូដទាញយកទិន្នន័យពិសេសៗដែលគ្មាននៅក្នុងរបាយការណ៍ធម្មតា ដែលជួយសម្រួលដល់ការធ្វើរបាយការណ៍ប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ។
LESSON 07

មេរៀនទី៧៖ ការគ្រប់គ្រង និងការកំណត់រចនាសម្ព័ន្ធប្រព័ន្ធ (Administration Système)

ការគ្រប់គ្រងប្រព័ន្ធរដ្ឋបាល ការបែងចែកសិទ្ធិអ្នកប្រើប្រាស់ ការកំណត់កូតាហិរញ្ញវត្ថុ និងការថែទាំប្រព័ន្ធទិន្នន័យ (Backups)។

១. គោលបំណងមេរៀន

  • បែងចែកឱ្យច្បាស់រវាង "អ្នកអាន" (Patrons) និង "អ្នកប្រើប្រាស់" (Librarians)។
  • ចេះកំណត់ប៉ារ៉ាម៉ែត្រទូទៅ កូតាខ្ចី-សង និងប្រាក់ផាកពិន័យ។
  • ចេះបង្កើតគណនីបម្រុងទុក (Sauvegardes) និងសម្អាត Cache APCU របស់ប្រព័ន្ធ។

២. របៀបប្រើប្រាស់ជាក់ស្តែងជាជំហានៗ

📍 របៀបគ្រប់គ្រង និងកំណត់រចនាសម្ព័ន្ធប្រព័ន្ធ៖
  1. ការបែងចែកសិទ្ធិគណនី៖ ចូលទៅកាន់ផ្នែកគ្រប់គ្រងប្រព័ន្ធ ដើម្បីកំណត់សិទ្ធិ៖
    • "អ្នកអាន" (Patrons/Lecteurs)៖ ជាសមាជិកបណ្ណាល័យធម្មតា មានសិទ្ធិត្រឹមតែស្វែងរក និងខ្ចីសៀវភៅលើ OPAC មិនអាចចូលផ្ទាំងគ្រប់គ្រងខាងក្រោយបានឡើយ។
    • "អ្នកប្រើប្រាស់" (Librarians/Utilisateurs)៖ ជាបណ្ណារក្ស ឬបុគ្គលិកព័ត៌មានវិទ្យា មានសិទ្ធិចូលទៅកាន់ម៉ឺនុយគ្រប់គ្រងខាងក្រោយ ដើម្បីធ្វើការងាររដ្ឋបាល កាតាឡុក និងការកំណត់ប្រព័ន្ធផ្សេងៗ។
  2. ការកំណត់កូតា និងហិរញ្ញវត្ថុ៖ កំណត់ចំនួនសៀវភៅអតិបរមាដែលអាចខ្ចីបាន, រយៈពេលខ្ចី (ឧ. ២ សប្តាហ៍), និងអត្រាប្រាក់ផាកពិន័យក្នុងមួយថ្ងៃករណីសងយឺត។
  3. ការថែទាំ និងរក្សាទុកទិន្នន័យបម្រុង (Sauvegardes)៖ ចូលទៅកាន់ផ្នែកថែទាំប្រព័ន្ធ > ចុចលើ "Sauvegardes" > ទាញយកទិន្នន័យបម្រុងជាឯកសារ .sql ទុកក្នុងកុំព្យូទ័រ ឬលើ Cloud ដើម្បីការពារករណីបាត់បង់ទិន្នន័យជាយថាហេតុ។
  4. ការសម្អាត Cache (Purge APCU)៖ ករណីប្រព័ន្ធដើរយឺត ឬការផ្លាស់ប្តូរខ្លឹមសារមិនទាន់បង្ហាញលើ OPAC > ចូលទៅសម្អាត Cache APCU ដើម្បីឱ្យប្រព័ន្ធដំណើរការបានលឿនឡើងវិញ។
💡 គន្លឹះសំខាន់៖ បណ្ណារក្សគួរធ្វើការរក្សាទុកទិន្នន័យបម្រុង (Sauvegardes) ឱ្យបានទៀងទាត់ (យ៉ាងហោចណាស់មួយសប្តាហ៍ម្តង) ដើម្បីធានាសុវត្ថិភាពទិន្នន័យរបស់បណ្ណាល័យ។
LESSON 08

មេរៀនទី៨៖ ការនាំចូល នាំចេញទិន្នន័យ និងសហប្រតិបត្តិការប្រព័ន្ធ (Imports, Exports & Interopérabilité)

ការភ្ជាប់ប្រព័ន្ធបណ្ណាល័យទៅកាន់ពិភពលោក ដើម្បីទាញយកទិន្នន័យសៀវភៅដោយស្វ័យប្រវត្តិ និងការចែករំលែកទិន្នន័យតាមស្តង់ដារអន្តរជាតិ។

១. គោលបំណងមេរៀន

  • យល់ដឹង និងចេះប្រើប្រាស់ពិធីការ Z39.50 ដើម្បីទាញយកទិន្នន័យពីបណ្ណាល័យធំៗខាងក្រៅ។
  • ចេះនាំចេញទិន្នន័យជាទម្រង់ស្តង់ដារ UNIMARC ទៅកាន់ប្រព័ន្ធផ្សេងទៀត។

២. របៀបប្រើប្រាស់ជាក់ស្តែងជាជំហានៗ

📍 របៀបទាញយកទិន្នន័យសៀវភៅតាម Z39.50 (Catalogage rapide)៖
  1. ចូលទៅកាន់ផ្នែក កាតាឡុក (Catalogue) > ជ្រើសរើសយក "ស្វែងរកប្រភពក្រៅ" (External Search / Z39.50)
  2. ជ្រើសរើសម៉ាស៊ីនបម្រើ (Server) របស់បណ្ណាល័យជាតិធំៗ ដូចជា បណ្ណាល័យជាតិបារាំង (BnF) ឬ Google Books។
  3. វាយបញ្ចូលលេខ ISBN ឬឈ្មោះសៀវភៅដែលលោកអ្នកចង់កាតាឡុក រួចចុច "ស្វែងរក"។
  4. នៅពេលឃើញទិន្នន័យសៀវភៅនោះបង្ហាញឡើង > ចុចលើប៊ូតុង "នាំចូល" (Import)
  5. ប្រព័ន្ធ PMB នឹងទាញយកព័ត៌មានលម្អិតទាំងអស់ (ចំណងជើង, អ្នកនិពន្ធ, អ្នកបោះពុម្ពផ្សាយ, ចំនួនទំព័រ...) មកបំពេញក្នុងទម្រង់កាតាឡុកឱ្យលោកអ្នកដោយស្វ័យប្រវត្តិ។ លោកអ្នកគ្រាន់តែកែសម្រួលបន្ថែមបន្តិចបន្តួច រួចចុចរក្សាទុកជាការស្រេច (ចំណេញពេលវេលាវាយបញ្ចូលដោយដៃបាន ៩០%)។
  6. ការនាំចេញទិន្នន័យ (Exports)៖ ជ្រើសរើសសៀវភៅដាក់ក្នុងកន្ត្រក > ចុច "នាំចេញ" > ជ្រើសរើសទម្រង់ UNIMARC ដើម្បីទាញយកឯកសារទៅប្រើប្រាស់ក្នុងប្រព័ន្ធបណ្ណាល័យដទៃទៀត។
💡 គន្លឹះសំខាន់៖ មុននឹងវាយបញ្ចូលសៀវភៅថ្មីដោយដៃ បណ្ណារក្សគួរតែស្កេនស្វែងរកតាម Z39.50 ឬ Google Books ជាមុនសិន ព្រោះសៀវភៅភាគច្រើនត្រូវបានគេធ្វើកាតាឡុករួចរាល់ហើយនៅលើប្រព័ន្ធអន្តរជាតិ។